ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា (អឹមអូអ៊ីវ៉ាយអេស «MoEYS E-Learning » ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។
តាមរយៈទំព័រសង្គមហ្វេសប៊ុក នៅថ្ងៃទី០៨ ខែមិថុនា នេះ ក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សាទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប។ លើសពីនេះ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ កម្រងសៀវភៅសិក្សាចាំបាច់សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ និងលំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត។ មាតិកាឌីជីថល ដែលមានដាក់បង្ហាញក្នុងកម្មវិធីនេះ បានកើតចេញពីការខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសជាមួយពេលវេលា និងធនធាននៃលទ្ធភាពដែលកំពុងមាន។
ក្រសួង បានឱ្យដឹងទៀតថា ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសាធារណជន ត្រូវទាញយកកម្មវិធីនេះ ដោយចូលទៅកាន់ PlayStore សម្រាប់ទូរស័ព្ទ ដំណើរការដោយប្រព័ន្ធ Andriod ឬ AppStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS និង App Gallery ហើយវាយពាក្យថា «MoEYS» រួចទាញយក បន្ទាប់មកចុះឈ្មោះចូលប្រើប្រាស់កម្មវិធី តាមការណែនាំ ដែលមានក្នុងកម្មវិធី៕
អត្ថបទ៖ មុត សុទ្ធ

