នគរបាល បានចាប់ផ្តើមរុះរើផ្ទះសង់ពីដីល្បប់ នៅក្នុងជំរំពលរដ្ឋអាហ្វហ្គានីស្ថានមួយកន្លែង នៅជាយក្រុងអ៊ីស្លាម៉ាបាដ កាលពីល្ងាចថ្ងៃពុធ ទី១ ខែ វិច្ឆិកា មុនពេលវេលាផុតកំណត់នៅពេលពាក់កណ្តាលអាធ្រាត សម្រាប់ជនភៀសខ្លួនគ្មានឯកសារ ឲ្យចាកចេញ បើមិនដូច្នេះទេត្រូវប្រឈមមុខការបណ្តេញចេញ។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងព្រមានថា ការបណ្តេញចេញតាមផែនការរបស់ប្រទេសប៉ាគីស្ថាន នូវជនជាតិបរទេសគ្មានឯកសារជាងមួយលាននាក់ ប្រឈមហានិភ័យ បង្កឲ្យមានមហន្តរាយសិទ្ធមនុស្ស។
កាលពីខែមុន ប្រទេសប៉ាគីស្ថាន បានកំណត់ថ្ងៃទី១ ខែវិច្ឆិកា ចាប់ផ្តើមកាលបរិច្ឆេទ សម្រាប់ការបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារទាំងអស់ រួមមានទាំងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់។

ប្រទេសប៉ាគីស្ថាន បានលើកឡើងពីហេតុផលសន្តិសុខ ដោយមិនអើពើចំពោះការអំពាវនាវឲ្យពិចារណាឡើងវិញ ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធមនុស្ស និងស្ថានទូតប្រទេសលោកខាងលិច។
ជនភៀសខ្លួននៅជំរំពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានរុះរើ ត្រូវបានគេផ្តល់ពេល២សប្តាហ៍ដើម្បីសម្អាត បានត្អូញត្អែរថា ពួកគេពុំបានផ្តល់ឲ្យពេលវេលាគ្រប់គ្រាន់ឡើយ។ មួយចំនួនក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជាឲ្យចាកចេញ បានចំណាយពេលច្រើនទសវត្សរ៍ នៅក្នុងប្រទេសប៉ាគីស្ថាន។
ក្រសួងមហាផ្ទៃ បាននិយាយថាមនុស្ស១៤០.៣២២ នាក់ បានស្ម័គ្រចិត្តចាកចេញរួចហើយជាច្រើនថ្ងៃមកនេះ ដែលរថយន្តជាច្រើនគ្រឿង បានដាក់ឥវ៉ាន់គរខ្ពស់ និងដាក់ប្រជ្រៀតមនុស្ស ដែលបានធ្វើឲ្យស្ទះចរាចរណ៍ផ្លូវធំៗ ចេញក្រៅប្រទេសនេះ។