ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលមានការរៀបចំ នៅក្នុងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីន។

ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកនៃក្រុមឧក្រិដ្ឋជន បានដុតរថយន្តក្រុងរាប់សិបគ្រឿងក្នុងទីក្រុង Rio de Janeiro ដែលជាក់ស្តែងជាការសងសឹកចំពោះនគរបាលដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំរបស់ពួកគេ។
លោក Lula បាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រេស៊ីលយ៉ា ( Brasilia) បន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យនេះថា៖ «យើងបានឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយ ដូច្នេះយើង បានសម្រេចចិត្តឲ្យរដ្ឋាភិបាលសហព័ន្ធចូលរួមយ៉ាងសកម្មជាមួយនឹងលទ្ធភាពទាំងអស់ក្នុងការជួយរដ្ឋាភិបាលរដ្ឋ និងប្រេស៊ីល ខ្លួនឯង ដើម្បីកម្ចាត់ឧក្រិដ្ឋកម្មដែលមានការរៀបចំនេះ»។

ប្រទេសប្រេស៊ីល នឹងប្រមូលផ្តុំសមាជិកចំនួន ៣.៦០០នាក់នៃកងទ័ព កងទ័ពជើងទឹក និងទ័ពអាកាស ដើម្បីបង្កើនការល្បាត និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Rio de Janeiro និង Sao Paulo ក៏ដូចជាកំពង់ផែសមុទ្រចំនួនពីរនៅ Rio និងកំពង់ផែ Santos របស់ Sao Paulo ដែលជាកំពង់ផែដ៏មមាញឹកបំផុតនៅអាមេរិកឡាទីន និងជាមជ្ឈមណ្ឌលនាំចេញកូកាអ៊ីន។