ពោធិសាត់ ÷ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសតែងតាំង លោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥។ ពិធីនេះប្រព្រឹត្តទៅ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងបានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដែលបានរួមកម្លាំងគ្នា ជាធនធានសរុប មធ្យោបាយសរុប គ្រប់គ្រងបានគ្រោះមហន្តរាយទឹកជំនន់ និងការដោះស្រាយ ឆ្លើយតប និងការស្តារឡើងវិញ ជាពិសេសខាងផ្នែកជីវភាពប្រជាពលរដ្ឋរងគ្រោះ, បានទាន់ពេលវេលា មានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន និងបញ្ចៀសបានការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងតាមទិសស្លោករបស់ កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល។
ជាកិច្ចឆ្លើយតបឲ្យបានស័ក្តិសម ទៅនឹងសេចក្ដីទុកចិត្ត និងសង្ឃឹមជឿជាក់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន លោកជំទាវ អាំង សុជាតា ខូយរីដា សូមប្ដេជ្ញាចិត្តថា ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្ដមប្រយោជន៍មនុស្សជាតិ រួមចំណែកឲ្យសម្រេចបានតាមទស្សនវិស័យរបស់ កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមអនុសាសន៍ និងសារគន្លឹះរបស់សម្តេចប្រធាន និងប្ដេជ្ញាចូលរួមអភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយឲ្យបានតាមសំណូមពរការងាររបស់ សាខា អនុសាខា។
ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងដែរថា កន្លងមកសាខាបានអនុវត្តតាមសារគន្លឹះរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ សាខាបានធ្វើការផ្សព្វផ្សាយដល់ គ្រប់មជ្ឈដ្ឋាននៅតាមសហគមន៍ ឲ្យចេះថែរក្សាសុខភាព ទាំងម្តាយ និងទារក អោយទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព មិនឲ្យសម្រាលកូនដោយឆ្មបបូរាណជាដាច់ខាត។ ជាមួយគ្នានោះដែរ សាខាបានចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ ដល់លំនៅដ្ឋាន បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹង ជម្ងឺអេដស៍១ធ្នូ ព្រមទាំងបានរៀបចំទិវាជាតិ សុខភាពមាតា ទារក កុមារ និងយុវវ័យ ២១កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុ្ងងនោះសាខាបានផ្តល់ជាស្បៀងអាហារ សម្ភារៈ និងថវិកាមួយចំនួន ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបឆ្លងទន្លេទៅតាមកម្មវិធីនិមួយៗ៕ អត្ថបទ÷ សំ ងីម















