អ៊ីស្រាអែល បានរិះគន់ប្រទេសបូលីវី ឈីលី និងកូឡុំប៊ី កាលពីថ្ងៃពុធ បន្ទាប់ពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង បានអនុវត្តវិធានការការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
ប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត រួមទាំងអាហ្សង់ទីន និងប្រេស៊ីល ក៏បានបង្កើនការរិះគន់របស់ពួកគេអំពីផលប៉ះពាល់ដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងមានលើជនស៊ីវិល។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា អ៊ីស្រាអែលកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសកូឡុំប៊ី និងឈីលី «ថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះអង្គការភេរវកម្មហាម៉ាស ដែលបានសម្លាប់ និងចាប់ពង្រត់ទារក កុមារ ស្ត្រី និងមនុស្សចាស់»។

ការអំពាវនាវនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឈីលី និងកូឡុំប៊ី បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ ចំពេលមានការរិះគន់ចំពោះការសម្លាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។
