ភ្នំពេញ៖ តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចរចាបើកទីផ្សារក្នុងការនាំអង្ករចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី «អង្ករខ្មែរជើងដំបូង» ចំនួន ៣ ៥០០តោន បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ ខណៈជាលទ្ធផល អង្ករកម្ពុជាចំនួនប្រមាណ១ម៉ឺនតោន នឹងត្រូវដឹកចេញ ទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការហើយនៅថ្ងៃនេះ។
មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការដឹកអង្ករចេញពីកម្ពុជាមានចំនួន៣ជើង ដោយប្រើរយៈពេល ១៨ថ្ងៃ ទៅដល់ប្រទេសឥណ្ឌូណេស៊ី និងអាស្រ័យកំពង់ផែដែលត្រូវទៅ។
ឯកឧត្តម បានរៀបរាប់ថា ក្នុងជើងទី១នេះ បានទៅដល់ទីផ្សារឥណ្ឌូនេស៊ី ចំនួន ៣,៥០០តោន។ ឯកឧត្តម បានបន្តថា ជើងទី២ មានចំនួន ៣,០០០តោន បានចេញដំណើរទៅ នៅថ្ងៃ២៩ តុលា ២០២៣ និងជើងទី៣ ចំនួន ៣,៥០០តោន នឹងត្រូវចេញដំណើរនៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងពាណិជ្ជកម្ម , អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕



