ភ្នំពេញ ៖ លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំនៅកម្ពុជា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេសផ្នែកវិនិយោគ និងទេសចរណ៍ ខណៈទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីររយៈពេលជាង៦០ឆ្នាំកន្លងទៅ នៅមានកម្រិតនៅឡើយ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក Martin Vávra បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់នៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជា និងឆែកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក និងការជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀតជាដើមនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចសាយ ឈុំ បានលើកឡើងថា ប្រទេសកម្ពុជា និងឆែកបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្តរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរមានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។
សម្តេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានរួមចំណែកដ៏ថ្លៃថ្លា ជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈនៃការផ្តល់ជំនួយខាងលើវិស័យសុខាភិបាល វិស័យអប់រំ មនុស្សធម៌ និងវិស័យថាមពលកកើតឡើងវិញហើយក្នុងនោះដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅសាធារណរដ្ឋឆែកចាប់តាំងពីឆ្នាំ១៩៧៩ មាននិស្សិតកម្ពុជាប្រមាណ៣០០នាក់ ហើយនិស្សិតទាំងអស់នោះបានកំពុងក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីពេលមុនរហូតបច្ចុប្បន្ន និងតទៅពេលអនាគតទៀត៕
អត្ថបទ ៖ បាន ចក់