
កណ្ដាល៖ ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានឱ្យដឹងថា ដើម្បីឱ្យ រោងចក្រ សហគ្រាស កម្មករ និយោជិត ប្រកបអាជីវកម្ម និងធ្វើការងារប្រកបដោយភាពរីកចម្រើនទាំង អស់គ្នានោះ ក្រសួងនឹងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធរៀបចំយុទ្ធនាការប្រឡងប្រណាំងមួយ។
ឯកឧត្ដមបន្តថា យុទ្ធនាការប្រឡងប្រណាំងនោះ ផ្ដោតលើរោងចក្រមួយ សហគ្រាសមួយ ក្នុងភាពសុខសាន្តដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យរោងចក្រ សហគ្រាស កម្មករ និយោជិត ធ្វើការងារជាមួយគ្នាដោយភាព សុខសាន្តនោះ ក្រសួងបានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងក្រុមអធិការកិច្ចការងារ, ពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ផងដែរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ទាំងកម្មករ និយោជិត ត្រូវ តែសហការរួមគ្នាធ្វើយ៉ាងណា ឱ្យកន្លែងបំពេញការងារមានភាពសុខសាន្ត៕ដោយ៖ គង់ ឌិន,