អតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងក្នុងខែតុលា ដែលជំរុញដោយកំណើនតម្លៃម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ នេះបើយោងតាមទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ី (BPS) កាលពីថ្ងៃពុធ (១ វិច្ឆិកា)។

លោក ភូដជី អ៊ីស្មាទីនី (Pudji Ismartini) អនុប្រធានទីភ្នាក់ងារស្ថិតិ BPS ទទួលបន្ទុកផ្នែកស្ថិតិចែកចាយ និងសេវាកម្ម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «អង្ករគឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះអតិផរណាចាប់ពីខែសីហា ដល់ខែតុលា» ដោយបន្ថែមថាព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ (El Nino) បានបង្កជាគ្រោះរាំងស្ងួតដ៏យូរ ដែលបណ្តាលឱ្យផលិតកម្មស្រូវធ្លាក់ចុះ។

តួលេខអតិផរណានេះ ស្ថិតនៅក្នុងគោលដៅសុវត្ថិភាពរបស់ធនាគារកណ្តាលពីកម្រិត ២ភាគរយទៅ ៤ភាគរយនៅឆ្នាំនេះ។ សម្រាប់ឆ្នាំក្រោយ គោលដៅសុវត្ថិភាពអតិផរណានឹងមានពីកម្រិត ១,៥ភាគរយ ទៅ ៣,៥ភាគរយ។
ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែតុលា បានដំឡើងអត្រាការប្រាក់គោល ដែលឥឡូវនេះ គឺមានចំនួន ៦ភាគរយ ដើម្បីធ្វើឲ្យមានស្ថិរភាពតម្លៃនៃរូបិយប័ណ្ណ រូពៀ ក្នុងការប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ជាសកល ក៏ដូចជាការគ្រប់គ្រងអតិផរណាផងដែរ។
ក្រុមអ្នកជំនាញប៉ាន់ប្រមាណថា អង្ករនឹងក្លាយជាកត្តាកំណត់ចម្បងសម្រាប់អតិផរណារួមនៅឆ្នាំ២០២៣ ព្រោះឥទ្ធិពលនៃព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ នឹងនៅតែបន្តរហូតដល់ខែដំបូងនៃឆ្នាំក្រោយ បើទោះបីជាប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមចូលរដូវវស្សាក៏ដោយ៕