ការបោះឆ្នោតបណ្ដេញសមាជិកសភាមកពីបក្សសាធារណៈរដ្ឋ លោក ចច សានតូស (George Santos) ចេញពីសភាតំណាងរាស្រ្តអាមេរិក បានបរាជ័យកាលពីថ្ងៃពុធ (១ វិច្ឆិកា) នៅពេលដែលសមាជិកសភាតិចជាង ពីរភាគបី បានគាំទ្រសេចក្ដីសម្រេចនេះ។

សមាជិកសភាមកពីរដ្ឋញ៉ូវ យ៉ក វ័យ ៣៥ឆ្នាំរូបនេះ បានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងការចោទប្រកាន់របស់ខ្លួន ពីឧក្រិដ្ឋកម្មេជាច្រើនករណី រួមទាំងការសម្អាតប្រាក់ដើម្បីទូទាត់ការចំណាយផ្ទាល់ខ្លួន ការទទួលបានអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើដោយខុសច្បាប់ និងទូទាត់ប្រាក់ពីប័ណ្ណឥណទានរបស់ម្ចាស់ជំនួយ ដោយគ្មានការយល់ព្រមពីពួកគេផងដែរ។

សមាជិកសភានៃបក្សសាធារណៈរដ្ឋមកពីរដ្ឋញ៉ូវ យ៉ក ផ្សេងទៀត បាននិយាយកាលពីខែមុនថា ពួកគេនឹងដាក់ចេញនូវសេចក្ដីសម្រេចមួយដើម្បីបណ្តេញលោក សាន់តូស ចេញពីតំណែង ប៉ុន្តែចំណាត់ការនេះត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ នៅពេលដែលសភាអាមេរិក ពុំមានអ្នកដឹកនាំបន្ទាប់ពីការបណ្តេញអតីតប្រធានសភា លោក Kevin McCarthy ចេញពីតំណែង។
ការបណ្តេញសមាជិកសភា តម្រូវឱ្យមានការបោះឆ្នោតដោយសំឡេងពីរភាគបីនៃសភា។ មានតែមនុស្ស ៥នាក់ប៉ុណ្ណោះ ដែលត្រូវបានបណ្តេញចេញពីសភាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយមនុស្ស ៣នាក់ ត្រូវបានបោះឆ្នោតបណ្ដេញចេញដោយសារការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមស៊ីវិល របស់ប្រទេសមួយនេះ៕
-