ភ្នំពេញ៖ក្រសួងបរិស្ថាន នៅថ្ងៃទី០២ខែវិច្ឆិកានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី«ថវិកាសមិទ្ធិកម្ម» ដែលមានកាអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នៅក្នុងឱកាសនោះ ឯកឧត្តម ឆេង គឹមស៊ុន មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមអំពី គោលការណ៍ នីតិវិធី និងវិធីសាស្រ្ត នៃការរៀបចំថវិកាកម្មវិធីឱ្យក្លាយទៅជាថវិកាសមិទ្ធិកម្មដែលក្រសួងបាននឹងកំពុងអនុវត្តសាកល្បងក្នុងឆ្នាំ២០២៣នេះ ស្របតាមក្របខណ្ឌ ពេលវេលានៃការអនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ វគ្គបណ្តុះបណ្តាល នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែមទៀត ជូនដល់មន្ត្រីជំនាញគ្រប់អង្គភាពចំណុះ ឱ្យក្រសួងបរិស្ថាន នឹងការរៀបចំរចនាសម្ព័ន្ធ កម្មវិធី ការកំណត់សូចនាករ ការរៀចំអង្គភាពថវិកា និងការវិភាជថវិកា ឲ្យចំគោលដៅអាទិភាព ដើម្បីបង្កើនគុណភាព នៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ៕
ក្រៅពីនេះ ឯកឧត្តមបន្តថា ការបណ្តុះបណ្តាលពង្រឹងជំនាញ ផ្តល់ពុទ្ធិយ៉ាងសំខាន់ដល់មន្រ្តីរាជការគ្រប់រូប និងនៅគ្រប់អង្គភាពរបស់ក្រសួងបរិស្ថាន ដើម្បីទទួលបានពុទ្ធិ ដ៏មានតម្លៃក្នុងការបំពេញការងារ ឆ្លើយតបនឹង ផ្តល់ពុទ្ធិដល់មន្រ្តីបំពេញការងារ ឆ្លើយតបនឹង គោលដៅ និងយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូន៕អត្ថបទ ៖ ទូច សោភ័ណ










