សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខ នៅឆ្នេរលេងទឹក ខេត្តកែប ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ការប្រកួតដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលសហការរៀបចំ រវាងសហព័ន្ធ និងរដ្ឋបាលខេត្តកែបនេះ គឺចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតពីដើមខែវិច្ឆិកា រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ទើបបញ្ចប់ ។
ចំពោះវិញ្ញាសាប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ សហព័ន្ធបានកំណត់ចំនួន ៤វិញ្ញាសា រួមមានវិញ្ញាសាអាគ័តត្លុងបុរស-នារី (ហែលទឹក ១គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ) និងវិញ្ញាសាអាគ័តត្លុងបុរស-នាទីអាយុក្រោម ១៨ឆ្នាំ (ហែលទឹក ៥០០ម៉ែត្រ និងរត់ ២,៥០០ម៉ែត្រ) ។
គួរដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ធ្វើឡើងស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាជាតិ ឆ្ពោះទៅរកការផលិត និងសម្រួចសមត្ថភាព បច្ចេកទេស របស់កីឡាករ-កីឡាការិនី សម្រាប់ស្វែងរកអ្នកមានគុណផលខ្ពស់ ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕ អត្ថបទ លី ឈុនឡា

