ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន RMA Group ដឹកនាំដោយលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group និងលោក ងន សាំង អគ្គនាយកប្រតិបត្តិ RMA Cambodia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបទ្វេភាគីនេះ បានផ្ដោតការពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការងារវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាពិនិត្យលើសំណើសុំសម្របសម្រួលនានាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគម្រោងវិនិយោគរបស់ RMA Group។
សូមជម្រាបថាក្រុមហ៊ុន RMA Group កាលពីឆ្នាំ២០២២កន្លងទៅ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដាក់ទុនបង្កើតរោងចក្រដំឡើងរថយន្ត FORD ក្នុងខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារ៕ ដោយ ៖ ឧត្ដម





