ប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ដោយបានផ្ទុះឡើងកាន់តែខ្លាំង ស្របពេលជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

រូបតំណាងក្នុងទង់ជាតិអ៊ីស្រាអែល គឺរូបផ្កាយខៀវ ដែលត្រូវបានប្រើថ្នាំបាញ់ជាប់ជញ្ជាំងរាប់សិបផ្ទាំង បានគ្របដណ្តប់លើអគារលំនៅឋានក្នុងទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ក្នុងឧប្បត្តិហេតុមួយ ដែលទីក្រុង និងរដ្ឋាភិបាលបារាំង ចាត់ទុកថាបង្កឡើងដោយអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។

អគារនានា ដែលមានស្លាកសញ្ញាគំនូរបែបនេះ គ្រាន់តែជាឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍ថ្មីៗនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងសង្រ្គាមជាបន្តបន្ទាប់ លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ស្ទ្រីប មក។

នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីសេតវិមាន បានសម្តែងការព្រួយបារម្មណ៍ក្នុងសប្តាហ៍នេះចំពោះរបាយការណ៍ជាច្រើនស្តីពីឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ។ ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានជួបជាមួយបណ្ដាមេដឹកនាំជនជាតិជ្វីហ្វ សញ្ជាតិអាមេរិក ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់ការកើនឡើងនៃការប្រឆាំងជនជាតិជ្វីហ្វ ជាពិសេសនៅតាមបណ្ដាសកលវិទ្យាល័យអាមេរិក។
នៅក្នុងបណ្ដាប្រទេសជាច្រើន មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង បានបង្ហាញកំណើនបញ្ហាទាំងនោះយ៉ាងច្បាស់ ដោយចំនួនឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរាប់រយភាគរយចាប់តាំងពីថ្ងៃទី៧ ខែតុលា មកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕