ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ថៃ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសនិងប្រទេស ជាពិសេសមន្រ្តីអនុវត្តច្បាប់និងមន្រ្តីអនុវត្តច្បាប់ ក្នុងការពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការចរាចរ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែន និងឆ្លងកាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលប់បំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀន ក៏ជាភារកិច្ចចំពោះមុខមួយដែលប្រទេសយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។
ជាមួយគ្នានេះ លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានលើកឡើងថា ប្រទេសថៃនិងកម្ពុជា មានចំណងមិត្តភាពល្អនិងមានកិច្ចសហប្រតិបិត្តការលើគ្រប់វិស័យ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាសំខាន់ដែលប្រទេសទាំងពីរបាននិងកំពុងមានកិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមកគ្រប់សកម្មភាពសំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស និងតំបន់។ ជាងនេះទៀត លោកបានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នាលើកគ្រប់វិស័យ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕ ដោយ ៖ ដារា







