កីឡាករប្រណាំងកង់វែល Geraint Thomas បានសំរេចចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយក្រុមកង់ Ineos Grenadiers។
អតីតជើងឯក Tour de France និងធ្លាប់ឈ្នះមេដាយមាសអូឡាំពិកពីរលើករូបនេះ ក៏ធ្លាប់បន្តកិច្ចសន្យាពីរម្តងដែរកាលពីឆ្នាំ ២០២១ ហើយនឹងបន្តនៅជាមួយក្រុមកង់អង់គ្លេសមួយនេះរហូតដល់ឆ្នាំ២០២៥ ថែមទៀត។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ចប់ជាជើងឯករងក្នុងការប្រកួតប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ឆ្នាំនេះខណៈជើងឯកបានទៅកីឡាករស្លូវេនី Primoz Roglic។
រំលឹកថា Geraint Thomas គឺជាសមាជិករបស់ក្រុមកង់ Ineos តាំងពីឆ្នាំ ២០១០ ម្ល៉េះ ដែលពីមុនក្រុមកង់នេះត្រូវគេស្គាល់ថា Team Sky។
បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិក ២ លើក កីឡាករវែលរូបនេះបានឈ្នះការប្រកួត Grand Tour, Tour de France កាលពីឆ្នាំ ២០១៨ និងជាជើងឯករងកម្មវិធីធំៗពីរលើករួមមាន Vuelta a Espana និង Giro d’Italia៕ អត្ថបទ៖នាង សុភាវុធ
