ខ្សែប្រយុទ្ធអារ៉ាប៊ីសាអ៊ូឌីត Salem Al Dawsari និងខ្សែប្រយុទ្ធអូស្រ្តាលី Sam Kerr បានក្លាយជាកីឡាករ-កីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ទ្វីបអាស៊ី។
កម្មវិធីប្រគល់ពានជ័យលាភីកីឡាករ-កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំទ្វីបអាស៊ី AFC Awards ត្រូវបានរៀបចំឡើងនៅទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃអង្គារ។

មួយគ្រាប់ជ័យជំនះរបស់ Salem Al Dawsari ឱ្យអារ៉ាប៊ីសាអ៊ូឌីតឈ្នះអាហ្សង់ទីននៅ World Cup 2022 ឆ្នាំមុន គឺជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់បាល់ទាត់អាស៊ី និងជាចំណែកមួយជួយឱ្យរូបគេឈ្នះពានជ័យលាភីនេះ។
ក្រៅពីនេះ Al Dawsari គឺជាសមាជិកសំខាន់មិនអាចខ្វះបានរបស់ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal ដែលឈានឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅម៉ារ៉ុកឆ្នាំមុន ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រ AFC Champions League រដូវកាលមុន ថែមទាំងឈ្នះជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត និងKing’s Cup។
Salem Al Dawsari បានក្លាយជាកីឡាករទី ៦ របស់អារ៉ាប៊ូសាអ៊ូឌីត ដែលឈ្នះពានជ័យលាភីនេះ និងជាកីឡាករទី ៥ ដែលមកពីក្លិប Al-Hilal ផងដែរ។

ងាកមកជ័យលាភីផ្នែកនារីវិញ អ្នកដែលធ្លាប់ឈ្នះនៅឆ្នាំ ២០១៧ កីឡាការិនីអូស្រ្តាលី Sam Kerr គឺជាម្ចាស់ជ័យលាភី ដែលជាលើកទី ២ ក្នុងអាជីព។
ពានជ័យលាភីគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបានទៅគ្រូបង្វឹកជនជាតិជប៉ុន Hajime Moriyasu ខណៈលោកស្រី Xui Qingxia ឈ្នះជ័យលាភីគ្រូបង្វឹកក្រុមនារីឆ្នើម៕ អត្ថបទ៖នាង សុភាវុធ

