
កងកម្លាំងអ៊ីស្រាអែល បានវាយសម្រុកចូលទៅលើខ្សែត្រៀមជួរមុខរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងជើង ក្នុងការវាយលុកមួយសម្រាប់ប្រតិបត្តិការជើងគោក ដើម្បីកម្ចាត់ក្រុមភេរវកម្ម។
លោកឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា វាគឺជាសញ្ញាចុងក្រោយបង្អស់ដែលថា «ប្រតិបត្តិការជើងគោកនេះ កំពុងដំណើរការដូចការគ្រោងទុក»។
លោកបាននិយាយកាលពីថ្ងៃពុធថា៖«ដោយមានការរៀបចំផែនការជាមុន ការស៊ើបការណ៍ច្បាស់លាស់ និងការវាយប្រហាររួមគ្នា [ពីដី អាកាស និងសមុទ្រ] កងកម្លាំងរបស់យើង បានទម្លាយខ្សែត្រៀមការពារជួរមុខរបស់ក្រុមហាម៉ាស នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប»។
ការទម្លាយខ្សែត្រៀមជួរមុខនេះ កើតឡើង នៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារលើកទីពីរនៅជុំវិញជំរំជនភៀសខ្លួន Jabalia ដែលជាបន្ទាយសំខាន់របស់ក្រុមហាម៉ាស ដែលយោធា បាននិយាយថាបានសម្លាប់មេបញ្ជាការប្រឆាំងរថក្រោះរបស់ក្រុមនេះ។