
នគរបាលអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) នេះថា ពួកគេបានចាប់ខ្លួនស្ត្រី វ័យ ៤៩ឆ្នាំម្នាក់ ពាក់ព័ន្ឌនឹងការស្លាប់មនុស្សចាស់ ៣នាក់ នៅក្នុងខែសីហា បន្ទាប់ពីពួកគេបានបរិភោគផ្សិតមានជាតិពុលនៅក្នុងអាហារថ្ងៃត្រង់មួយ ដែលរៀបចំដោយជនសង្ស័យរូបនោះ។
នគរបាលរដ្ឋវីកតូរៀ (Victoria) បាននិយាយថា ពួកគេកំពុងឆែកឆេរផ្ទះរបស់ស្ត្រីរូបនោះ ដោយមានជំនួយពីសត្វសុខនរាវរក ដែលត្រូវបានបណ្តុះបណ្តាលឱ្យហិតក្លិនឧបករណ៍អេឡិចត្រូនិចតូចៗ ដូចជា យូអេសប៊ី (USB) និងស៊ីមកាតតូចៗ ដែលងាយស្រួលលាក់ ដោយបន្ថែមថាស្ត្រីសង្ស័យនោះ នឹងត្រូវទទួលការសាកសួរពីនគរបាល បន្ទាប់ការស្វែងរកបានបញ្ចប់។
គួររម្លឹកផងដែរថា មនុស្ស ៣នាក់ បានធ្លាក់ខ្លួនឈឺ ហើយក្រោយមកបានស្លាប់ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់កាលពីថ្ងៃទី២៩ ខែកក្កដា នៅទីក្រុង Leongatha ដែលជាទីក្រុងជនបទតូចមួយនៅជុំវិញ ១៣៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុងមែលប៊ន។ ការស្លាប់ដ៏អាថ៌កំបាំងនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសអូស្ត្រាលី។
ការស្លាប់ដោយសារការបរិភោគផ្សិត គឺកម្រមានណាស់នៅក្នុងប្រទេស ដែលមានប្រភេទជាច្រើនរួមទាំងប្រភេទផ្សិត «មួកមរណៈ» ដែលមានគ្រោះថ្នាក់គ្រប់គ្រាន់ក្នុងការបំពុល និងសម្លាប់មនុស្សមួយនេះ៕