
មនុស្សសរុបចំនួន ១៦៨.៤៩១នាក់ បានស្លាប់ និងមនុស្សចំនួន ៤៤៣.៣៦៦នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០២២ បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសនេះទទួលរងនូវការបាត់បង់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍ ដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវេ នោះបានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ ជាលទ្ធផលកាលពីឆ្នាំ២០២២ បានកើនឡើងគួរឲ្យព្រួយបារម្ភចំនួន ១១,៩ភាគរយ និង ៩,៤ភាគរយ រៀងគ្នាធៀបនឹងឆ្នាំមុននោះ។
ចំនួនអ្នករងរបួស ក៏មានការកើនឡើងចំនួន ១៥,៣ភាគរយ ផងដែរ។ រដ្ឋាភិបាលបានបន្តថា របាយការណ៍នេះ បានគូសបញ្ជាក់ពីភាពបន្ទាន់នៃការអនុម័តវិធីសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីដោះស្រាយនូវកត្តារួមចំណែកដល់គ្រោះថ្នាក់ទាំងនេះ រួមមានការបើកបរហួសល្បឿនកំណត់ ការបើកបរមិនប្រុងប្រយ័ត្ន ការបើកបរក្នុងស្ថានភាពស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌា ដោយសាររថយន្តផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្នជាដើម៕