
នគរបាលនីហ៊្សេរីយ៉ាបាននិយាយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា យ៉ាងហោចណាស់មនុស្ស ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋ យ៉ូបេ (Yobe) របស់ប្រទេសនីហ៊្សេរីយ៉ា ចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម (Boko Haram) ដែលសង្ស័យ បានបាញ់សម្លាប់អ្នកភូមិ និងដាក់គ្រាប់មីននៅក្នុងការវាយប្រហារដ៏ធំលើកដំបូងលើរដ្ឋភាគឦសានមួយនេះ ក្នុងរយៈពេល ១៨ខែ។
អ្នកនាំពាក្យនគរបាលរដ្ឋ លោក Abdulkarim Dungus បាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើអ្នកភូមិកាលពីថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ហើយកាលពីថ្ងៃអង្គារ គ្រាប់មីនបង្កប់ក្នុងដីមួយគ្រាប់បានផ្ទុះឡើង ដោយសម្លាប់អ្នកភូមិជាង ២០នាក់ទៀត ដែលបានត្រឡប់មកពីពិធីបញ្ចុះសព្វជនរងគ្រោះនៃការវាយប្រហារលើកមុននោះ។
ក្រុមអ៊ីស្លាមនិយមមួយនេះ បាននឹងកំពុងសម្លាប់ និងចាប់ខ្លួនអ្នកភូមិនៅក្នុងរដ្ឋ Borno ជាទីជម្លោះដ៏ក្តៅគគុកសម្រាប់ក្រុមសកម្មប្រយុទ្ធ ដែលបានក្លាយជាចំណុចកណ្តាលនៃសង្គ្រាមអស់រយៈពេល ១៤ឆ្នាំមកហើយលើការបះបោរនៅក្នុងប្រទេសនីហ៊្សេរីយ៉ា។
ក្រុមអ្នកស្រុកបាននិយាយថា សហគមន៍យ៉ូបេ ទទួលបានសន្តិភាពក្នុងរយៈពេលជាងមួយឆ្នាំមុ នពេលការវាយប្រហារនេះ ហើយការវាយប្រហារដោយគ្រាប់បែកចុងក្រោយ ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋ យ៉ូបេ នេះគឺនៅក្នុងខែមេសា ឆ្នាំ២០២២៕