ភ្នំពេញ ៖ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញដល់ជនមានពិការភាព ត្រូវខិតខំរៀនចំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីទុកជាទុនក្នុងការចិញ្ចឹមជីវិត ខណៈបច្ចុប្បន្នក្រសួងកំពុងរៀបចំយន្តការ និងយុទ្ធសាស្ត្រ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់ពួកគេ។
ការបញ្ជាក់របស់ ឯកឧត្តម ឯម ច័ន្ទមករា បែបនេះ ធ្វើឡើងក្រោយមានសំណើរពីក្រុមជនមានពិការភាព ស្នើសុំច្រៀងរកថវិកានៅតាមទីតាំងភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្នុងឱកាសពិធីសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០ រូបដែលច្រៀងនៅតាមសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើតមានចំពោះពួកគេ និងសំណូមពរផ្សេងៗនោះ។
ឯកឧត្តមបានថ្លែថា ក្រសួងសង្គមកិច្ច នឹងយកសំណើររបស់បងប្អូនមានពិការភាពទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយបងប្អូនមានពិការភាពឱ្យមានជីវភាពល្អប្រសើរទ្បើងវិញ។ ខណៈបច្ចុប្បន្នក្រសួងកំពុងរៀបចំយន្តការ និងយុទ្ធសាស្ត្រជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះ ស្រាយបញ្ហាជូនបងប្អូនមានពិការភាពទាំងអស់។
សូមជម្រាបថា ក្នុងឱកាសពិធីសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០ រូបដែលច្រៀងនៅតាមសាធារណៈក្នុងរាជធានីភ្នំពេញ ជនមានពិការភាពជាច្រើននាក់បានលើកជាសំណើដូចគ្នាៗ ដើម្បីឱ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមាន លទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជាពិសេសជួយសម្រួលឱ្យពួកគេបន្តបានច្រៀងនៅតាមទីតាំងភ្លើងស្តុបព្រមទាំងស្នើឱ្យក្រសួង ពិនិត្យមើលលទ្ធភាពដល់បងប្អូនមានពិការភាពបានចូលក្របខណ្ឌរដ្ឋផងដែរ។
ជនមានពិការភាពបានលើកឡើងថា មុខរបររបស់ពួកគេប្រចាំថ្ងៃ គឺមានតែមុខរបរច្រៀងចំរៀង និងផ្ដល់សេវាម៉ាស្សាជូនភ្ញៀវប៉ុណ្ណោះ។ ដូច្នេះទើបពួកគេសូមសំណូមពរគិតគូរ និងយោគយល់ធ្វើយ៉ាងណាឲ្យបងប្អូនជនពិការទាំងអស់បានច្រៀង នៅតាមភ្លើងស្តុបបន្តទៀត។ ប៉ុន្ដែពួកគេនឹងមិនច្រៀងនៅទីតាំងណាដែលមានការហាមឃាត់នោះទេ៕ អត្ថបទ ៖ ភារម្យ







