
នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយអំពីភាពហត់នឿយជាអន្តរជាតិ ជាមួយនឹងជម្លោះនៅប្រទេសអ៊ុយក្រែន និងកង្វះការគាំទ្រដល់ប្រទេសអ៊ីតាលី ដើម្បីដោះស្រាយបញ្ហាជនអន្តប្រវេសន៍ អំឡុងការនិយាយទូរស័ព្ទជាមួយអ្នកបង្កើតវីដេអូលេងសើចជនជាតិរុស្ស៊ី។
ខ្សែអាត់សំឡេងរយៈពេល ១៣នាទីនៃការហៅទូរសព្ទ ដែលមានតាំងពីខែកញ្ញាមកនោះ ត្រូវបានចេញផ្សាយតាមប្រព័ន្ធអ៊ិនធឺណិត កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) ដោយជនជាតិរុស្សីឈ្មោះ Vovan និង Lexus ដែលបានព្យាយាមបញ្ឆោតបណ្ដាអ្នកនយោបាយ និងបុគ្គលល្បីៗលោកខាងលិចផ្សេងទៀត ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបាននូវមតិយោបល់ស្មោះត្រង់ និងខ្វះការប្រុងប្រយ័ត្ន។
ការិយាល័យរបស់លោកស្រី Meloni បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីមានការសោកស្តាយណាស់ ដែលត្រូវបានបញ្ឆោតដោយជនខិលខូច ដែលក្លែងបន្លំជាប្រធានគណៈកម្មការសហភាពអាហ្វ្រិក។ ការិយាល័យបានប្រាប់ថា ការហៅទូរស័ព្ទនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា នៅមុនពេលដែលលោកស្រីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំអាហ្វ្រិក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅពេលដែលត្រូវបានសួរអំពីសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន លោកស្រី Meloni ដែលពេលនោះនិយាយជាភាសាអង់គ្លេស បានឆ្លើយថា៖ «ខ្ញុំឃើញថា មានការហត់នឿយយ៉ាងខ្លាំងពីគ្រប់ភាគីទាំងអស់ ដូច្នេះខ្ញុំត្រូវតែនិយាយការពិត។ យើងកំពុងទៅកៀកបន្តិចម្ដងៗនឹងវិនាទី ដែលយើងគ្រប់គ្នាត្រូវការច្រកចេញ»។ លោកស្រីបានបន្ថែមថា៖ «បញ្ហាគឺត្រូវស្វែងរកផ្លូវចេញដែលអាចទទួលយកបានពីភាគីទាំងសងខាង ដោយមិនបំផ្លាញច្បាប់អន្តរជាតិ»។
លើសពីនេះទៀត ដោយលើកឡើងពីទីតាំងរបស់អ៊ីតាលីថា ជាកំពង់ផែដំបូងនៃការមកឈប់សំចតរបស់ជនអន្តប្រវេសន៍ជាច្រើន ដែលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ លោកស្រី Meloni បានរអ៊ូរទាំថា ដៃគូអន្តរជាតិ មិនធ្វើការឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហានេះទេ។
បន្ទាប់ពីបានបញ្ចេញសំឡេងនេះ អ្នកបង្កើតវីដេអូលេងកម្សាន្តឈ្មោះ Lexus ឬ Alexei Stolyarov បាននិយាយថា លោកស្រី Meloni យ៉ាងហោចណាស់ គឺជាមនុស្សម្នាក់ ដែលមានឆន្ទៈក្នុងការចែករំលែកអារម្មណ៍ពិតរបស់លោកស្រី៕