កំពង់ធំ៖ ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងផល ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទទួលបានការឧបត្ថម្ភ ជាស្បៀងអាហារពីអាជ្ញាធរដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០, ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយ ជាស្បៀងអាហារជូនប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ដែលកំពុងរង ផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិ ព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែនឹករលឹក ចង់ដឹងសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបជាសុខទុករបស់សម្តេច។
ឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយទាំងអស់នេះតិចតួច មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាព ប៉ុន្តែ វាក៏អាចជួយ សម្រួលដល់ភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលដែលមិនអាចទៅប្រកបការងារអំឡុង ពេលទឹកជំនន់កំពុងតែលិចលង់នៅតាមភូមិឋាន និងសហគមន៍។
ហើយជំហ៊ានដំបូងរបស់បងប្អូន គឺត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឲ្យមានគ្រោះថ្នាក់ណាមួយកើត ឡើងជាយថាហេតុ! ជាពិសេសបង្ករឡើងដោយការធ្វេសប្រហែលធ្វើបាត់បង់សមាជិកក្នុងគ្រួសារដោយ ការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។
ក្នុងនោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បញ្ជាក់ដែរថា នៅក្នុងខេត្តកំពង់ធំទឹកជំនន់នា ពេសលបច្ចុប្បន្នរងផលប៉ះពាល់គ្រប់ស្រុកទាំងអស់! ប៉ុន្តែ នៅក្នុងស្រុកស្ទោងបានទទួលរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារជំនន់ទឹកភ្លៀងកើនឡើងយ៉ាងគំហុក ធ្វើលិចក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធដែលធ្វើឲ្យពិបាកធ្វើដំណើរទៅវិញទៅមក! ក្នុងថ្ងៃនេះស្ថានភាពទឹកជំនន់នៅតែបន្តកើនឡើង លិចក្រោមផ្ទះ របស់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួនទៀត ដែលកាលពីឆ្នាំមុនៗកន្លងទៅមិនដែល មានទឹកលិចនោះឡើយ។
ឯកឧត្តមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ មានប្រមាណជាង ៤០០គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី២យួរ ទឹកសុទ្ធមួយកេស ត្រីខ ១យួរ រួមទាំងថ្នាំសង្កូវផងដែរ៕


