វាយកូនបាល់៖ កីឡាការិនីវ័យក្មេងអាមេរិក Coco Gauff រឺគេស្គាល់ថាជា Serena Williams តូចនោះបានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam, French Open ជាលើកដំបូងក្នុងអាជីព ក្រោយជ័យជំនះលើកីឡាការិនីទុយនេស៊ី Ons Jabeur ៦-៣ និង ៦-១។

Coco Gauff ដែលធ្លាប់ជាជើងឯក French Open ដែរកាលពីឆ្នាំ២០១៨ តែជាពាន French Open សំរាប់យុវជនបានចំណាយពេលត្រឹម ៥៣នាទីប៉ុណ្ណោះដើម្បីយកឈ្នះការប្រកួតនេះ។ កីឡាការិនីវ័យ ១៧ឆ្នាំរូបនេះដែរ ក៏មិនទាន់ចាញ់មួយសិតណាឡើយមកដល់ពេលនេះនៅ French Open ឆ្នាំនេះ ដោយជ័យជំនះជុំកន្លងមក សុទ្ធតែធ្វើអោយគូប្រកួតមិនអាចតដៃបាន។ Coco Gauff ក៏បានក្លាយជាកីឡាការិនីវ័យក្មេងបំផុត ដែលឈានចូលវគ្គ ៨នាក់ចុងក្រោយនៅ French Open ផងដែរក្នុងវ័យ ១៧ឆ្នាំ ៨៦ថ្ងៃ រាប់ពីឆ្នាំ២០០៦ ដែលធ្វើបានដោយ Nicole Vaidisova។
ជុំបន្ត Coco Gauff នឹងជួបជាមួយកីឡាករឆេក Krejcikova ដែលបានយកឈ្នះកីឡាការិនីអាមេរិកធ្លាប់ជាជើងឯករង Sloane Stephens។ ងាកមកអ្នកការពារតំណែងជើងឯក កីឡាការិនីប៉ូឡូញ Iga Swiatek ក៏មិនមានបញ្ហាដែរ ក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Marta Kostyuk ៦-៣ និង ៦-៤ បន្តជួបជាមួយកីឡាការិនីក្រិក Maria Sakkari ដែលបានយកឈ្នះ Sofia Kenin៕
អត្ថបទ៖នាង សុភាវុធ