
ប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយថា ក្រុមមន្ត្រីចិន គួរតែមានអារម្មណ៍ថា ពួកគេ កំពុងត្រូវបានដើរតាមពីដោយស្រមោល នៅពេលលោក បន្តការបង្រ្កាបអំពើពុករលួយ។
សារព័ត៌មាន SCMP បានរាយការណ៍ថា លោក ស៊ី បានចេញការព្រមានរបស់ខ្លួន នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការសវនកម្មកណ្តាល ក្នុងខែឧសភា ប៉ុន្តែសុន្ទរកថា ដែលមិនបានផ្សព្វផ្សាយពីមុន ត្រូវបានបង្ហាញនៅក្នុងសារព័ត៌មាន Qiushi ដែលជាកាសែតរបស់បក្សកុម្មុយនីឈានមុខគេ ក្នុងសប្តាហ៍នេះ។
លោក បាននិយាយថា គោលដៅរបស់សវនករជាន់ខ្ពស់របស់ប្រទេសនេះ «គួរតែមានអារម្មណ៍ថា សវនកម្ម ដើរតាមពួកគេ ដូចជាស្រមោល ហើយពួកគេ មានអារម្មណ៍ថា មាននរណាម្នាក់ កំពុងមើលពួកគេគ្រប់គ្នា គ្រប់ពេលវេលា»។
មេដឹកនាំចិនរូបនេះ ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើនាយកដ្ឋានគ្រប់គ្រងមូលនិធិសាធារណៈ ទ្រព្យសម្បត្តិ និងធនធានរបស់រដ្ឋ។
លោក ស៊ី ដែលមានវ័យ ៧០ឆ្នាំ បានដាក់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីលោក បានឡើងកាន់អំណាច ក្នុងឆ្នាំ ២០១២ ដោយទទួលបានការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អំពើពុករលួយពីបណ្តាស្ថាប័នសាធារណៈ។