
សហជីព SAG-AFTRA កាលពីយប់ថ្ងៃពុធ (ទី១ ខែវិច្ឆិកា) បាននិយាយថា បណ្ដាអ្នកចរចា តំណាងឲ្យតារាសម្តែងហូលីវូដ និងស្ទូឌីយោធំៗ មិនទាន់បានឈានដល់ដំណោះស្រាយលើកង្វល់ ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងបញ្ហាផ្សេងទៀតនៅឡើយទេ អំឡុងកិច្ចពិភាក្សា ដែលមានគោលបំណងបញ្ចប់កូដកម្មរយៈពេល ១១១ថ្ងៃនោះ។
សហជីព បានឲ្យដឹងថា ខ្លួនបានបង្ហាញសំណើកែប្រែលើការប្រើប្រាស់ AI ដល់សម្ព័ន្ធអ្នកផលិតរូបភាព និងទូរទស្សន៍ (AMPTP) ដែលតំណាងឲ្យក្រុមហ៊ុន Netflix, Walt Disney និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ សហជីព SAG-AFTRA ក្នុងលិខិតទៅកាន់សមាជិករបស់ខ្លួន បានប្រាប់ថា សហជីពបានជួបជាមួយ AMPTP «អស់រយៈពេលជាង ៣ម៉ោង នាពេលរសៀល និងល្ងាចនេះ ដើម្បីបង្ហាញ និងពិនិត្យឡើងវិញនូវសំណើដែលបានកែសម្រួលរបស់យើង»។
សហជីព បាននិងកំពុងស្វែងរកដែនកំណត់អំពីរបៀប ដែលស្ទូឌីយោអាចប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតមាតិកា នៅពេលផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍។ បណ្ដាតារាសម្ដែងបារម្ភថា ពួកគេអាចត្រូវបានជំនួសដោយអ្នកសម្តែងឌីជីថល ឬថា ភាពស្រដៀងគ្នារបស់ពួកគេ អាចត្រូវបានប្រើដោយគ្មានការអនុញ្ញាតពីពួកគេ។
សេចក្តីថ្លែងការណ៍របស់សហជីព បានឲ្យដឹងថា បញ្ហាផ្សេងៗទៀត នៅតែស្ថិតក្រោមការពិភាក្សា។ ចំណែកអ្នកតំណាងឲ្យ AMPTP មិនបានឆ្លើយតបអ្វីភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕