
ខ្សែវីដេអូពីលើអាកាសបានបង្ហាញឲ្យឃើញថា ភ្លើងកំពុងបន្តឆេះរាលដាល កាលពីថ្ងៃពុធ (ទី១ វិច្ឆិកា) នៅរដ្ឋ Queensland របស់ប្រទេសអូស្ត្រាលី។
ក្នុងរូបភាពវីដេអូនោះ គេបានឃើញឧទ្ធម្ភាគចក្រទម្លាក់ទឹកមកលើផ្នែកខាងមុខនៃចំហេះ ខណៈសំណុំផ្សែងហុយវិលវល់ពេញទាំងកន្លែង ដែលត្រូវបានឆេះខ្ទេច នៅក្នុងតំបន់ Granite Belt របស់រដ្ឋនេះ។
អ្នកស្រុក Queensland ត្រូវបានណែនាំឲ្យជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ នៅថ្ងៃពុធនោះ ដោយសារចំហេះព្រៃមិនអាចគ្រប់គ្រងបាន ខណៈដែលអ្នកពន្លត់អគ្គិភ័យ ក្នុងនោះរួមទាំងអ្នក ដែលបានហោះហើរមកពីទូទាំងប្រទេស និងមកពីប្រទេសជិតខាងនូវ៉ែលហ្សេឡង់ផងដែរ បានប្រយុទ្ធជាមួយនឹងអណ្ដាតភ្លើង។
ប្រទេសអូស្ត្រាលីត្រូវប្រឈមនឹងរដូវកាលចំហេះព្រៃ ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ El Nino ដែលតែងត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរនានា ដូចជាចំហេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតជាដើម៕