
ប្រទេសហ្ស៊កដានី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក នៅមជ្ឈិមបូព៌ា បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ដោយបន្ថែមភាពតានតឹង នៅក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធពីក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងថា សេចក្តីសម្រេចនេះដែលមានប្រសិទ្ធភាពភ្លាមៗ ត្រូវបានធ្វើឡើងដោយលោក Ayman Safadi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងប្រទេសនេះ។
ក្រសួងបាននិយាយថា ការសម្រេចនេះ គឺជាការបង្ហាញជាសាធារណៈអំពីជំហររបស់ហ្ស៊កដានីចំពោះការបដិសេធ និងការថ្កោលទោសចំពោះសង្គ្រាមអ៊ីស្រាអែល ដែលកំពុងរាលដាលនៅតំបន់ហ្កាហ្សា ដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់ និងបង្កឲ្យមានមហន្តរាយមនុស្សធម៌ ដែលមិនធ្លាប់មានពីមុនមក។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសពីការដកឯកអគ្គរដ្ឋទូតនេះថា សង្រ្គាម «នាំមកនូវលទ្ធភាពដ៏គ្រោះថ្នាក់សម្រាប់ការដែលវាកាន់តែរីកធំឡើង ដែលនឹងគំរាមកំហែងដល់សន្តិសុខនៃតំបន់ទាំងមូល និងសន្តិសុខ និងសន្តិភាពអន្តរជាតិ»។