
សៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់តារាចម្រៀងស្រី Britney Spears ដែលមានចំណងជើងថា «The Woman In Me» (ស្ត្រីភាពនៅក្នុងខ្លួនខ្ញុំ) លក់បាន ១,១លានច្បាប់ នៅសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ក្នុងរយៈពេល ១សប្តាហ៍ដំបូងនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) ដោយ Gallery Books ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនបោះពុម្ព Simon & Schuster តារាចម្រៀង Spears បានប្រាប់ថា៖ «ខ្ញុំបានដាក់បេះដូង និងព្រលឹងរបស់ខ្ញុំបញ្ចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ ហើយខ្ញុំសូមបង្ហាញការដឹងគុណ ចំពោះអ្នកគាំទ្រ និងអ្នកអានរបស់ខ្ញុំ នៅជុំវិញពិភពលោក សម្រាប់ការគាំទ្រមិនអាចកាត់ថ្លៃបានរបស់ពួកគេនេះ»។
តួលេខនៃការលក់ រួមមានការបញ្ជាទិញទុកមុន ការលក់បោះពុម្ព សៀវភៅអេឡិចត្រូនិច និងសៀវភៅជាសំឡេង។ សៀវភៅ «The Woman In Me» ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែតុលា ទទួលបានការសរសើរពីអ្នកវាយតម្លៃថា ជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នៃការរះឡើងរបស់នាង នៅក្នុងវិថីដ៏មានកិត្តិនាមជាសាកល និងការតស៊ូរបស់នាង នាពេលបច្ចុប្បន្ន ជាពិសេស ភាពអភិរក្ស ដែលឲ្យឪពុក គ្រប់គ្រងលើជីវិតរបស់នាងភាគច្រើនអស់រយៈពេលជាច្រើនឆ្នាំ៕