
ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃព្រហស្បតិ៍ (ទី២ខែ វិច្ឆិកា) នេះ បានទៅចូលរួមពិធីបុណ្យសព របស់អតីតនាយករដ្ឋមន្ត្រីលោក Li Keqiang ដែលត្រូវបានធ្វើពិធីឈាបនកិច្ច នៅទីក្រុងប៉េកាំង បន្ទាប់ពីបានរូបលោកទទួលមរណភាពដោយសារគាំងបេះដូង កាលពីសប្តាហ៍មុន។ ដើម្បីជាការចូលរួមកាន់ទុក្ខ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង នៅទូទាំងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា លោក Xi Jinping និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ការិយាល័យមជ្ឈិមបក្សចំនួន ៦រូបទៀត នាពេលព្រឹក នៅឯគេហដ្ឋានបុណ្យសព បានចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសាររបស់លោក Li Keqiang។ តែអតីតប្រធានាធិបតីលោក Hu Jintao (ហ៊ូ ជីនតាវ) មិនបានចូលរួមនោះទេ ប៉ុន្តែបានផ្ញើកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ។
លោក Xi Jinping លោក Li Qiang និងលោក Hu Jintao ក្នុងចំណោមបណ្ដាឥស្សរជនផ្សេងទៀត សុទ្ធតែបានទៅសួរសុខទុក្ខលោក Li Keqiang ពេលលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងផ្តល់ការអាណិតអាសូរយ៉ាងស្មោះត្រង់ ចំពោះក្រុមគ្រួសាររបស់លោកតាមមធ្យោបាយផ្សេងៗ បន្ទាប់ពីអតីតអ្នកនយោបាយឆ្នើមរូបនេះ ទទួលមរណភាព។
រូបភាពពីវីដេអូ ដែលកំពុងត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម បានបង្ហាញពីមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ឈរអមនៅតាមដងផ្លូវនៃពិធីដង្ហែសពរបស់លោក Li Keqiang ទៅកាន់ទីបញ្ចុះសព Babaoshan ជាកន្លែង ដែលពិធីបុណ្យសពរបស់រដ្ឋ ត្រូវបានប្រារព្ធឡើង ហើយមេដឹកនាំជាន់ខ្ពស់ជាច្រើន ត្រូវបានបញ្ចុះនៅទីនេះ។ អ្នកចូលរួមខ្លះ បានស្រែកថា៖ «លាហើយនាយករដ្ឋមន្ត្រី!» ឬ «អ្នកបានប្រឹងប្រែងធ្វើការខ្លាំងណាស់លោកនាយករដ្ឋមន្ត្រី!»។
សូមបញ្ជាក់ថា លោក Li Keqiang បានស្លាប់នៅវ័យ ៦៨ឆ្នាំ នៅទីក្រុងស៊ាងហៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបន្ទាប់មក សពរបស់លោកត្រូវបាននាំយកទៅទីក្រុងប៉េកាំង។ អាការគាំងបេះដូងរបស់លោក Li បានកើតឡើងរយៈពេល ៧ខែ បន្ទាប់ពីលោកបានចូលនិវត្តន៍ពីនាយករដ្ឋមន្ត្រី ដោយបានកាន់តំណែងនេះអស់រយៈពេល ១០ឆ្នាំ និងបានស៊ូទ្រាំនឹងការនៅក្រៅឆាកនយោបាយ ខណៈដែលប្រធានាធិបតី លោក Xi Jinping ព្យាយាមពង្រីកអំណាចរបស់លោក៕