
ទីភ្នាក់ងារជំនួយអន្តរជាតិធំៗ នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានអំពីភាពវឹកវរ និងគួរឲ្យអស់សង្ឃឹម ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថាន ដែលបានត្រឡប់មកពីប្រទេសប៉ាគីស្ថាន ជាកន្លែងដែលកងកម្លាំងសន្តិសុខ កំពុងឃាត់ខ្លួន និងនិរទេសជនបរទេសដែលគ្មានឯកសារ ឬមិនបានចុះឈ្មោះក្នុងបញ្ជី។
ការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ភាគច្រើនប៉ះពាល់ដល់ជនជាតិអាហ្វហ្គានីស្ថាន ដោយសារតែពួកគេភាគច្រើនជាជនបរទេសដែលរស់នៅក្នុងប្រទេសប៉ាគីស្ថាន ទោះបីជារដ្ឋាភិបាល បាននិយាយថា ខ្លួន កំពុងកំណត់គោលដៅលើមនុស្សគ្រប់គ្នា ដែលរស់នៅក្នុងប្រទេសដោយខុសច្បាប់ក្តី។
អង្គការជំនួយចំនួនបី គឺក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក និងគណៈកម្មាធិការសង្គ្រោះអន្តរជាតិ បាននិយាយថា មនុស្សជាច្រើនដែលភៀសខ្លួនចេញពីការបង្រ្កាបរបស់ប៉ាគីស្ថាន បានមកដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងស្ថានភាពក្រីក្រ។
ទីភ្នាក់ងារទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លក្ខខណ្ឌដែលពួកគេទៅដល់ប្រទេសអាហ្វហ្គានីស្ថាន គឺធ្ងន់ធ្ងរ ដោយមនុស្សជាច្រើន បានស៊ូទ្រាំនឹងការធ្វើដំណើរដ៏លំបាក រយៈពេលជាច្រើនថ្ងៃ ប្រឈមនឹងបញ្ហានានា ហើយជារឿយៗ ត្រូវបានបង្ខំឲ្យបែងចែកទ្រព្យសម្បត្តិរបស់ពួកគេ ជាថ្នូរនឹងការដឹកជញ្ជូន។