
ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) បានឲ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Hakan Ayik ដែលជាអ្នករត់គេចខ្លួនពីការតាមចាប់ នៅប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងបទល្មើសរត់ពន្ធគ្រឿងញៀន រួមជាមួយនឹងមនុស្ស ៣៦នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអន្តរជាតិ និងដែលត្រូវបានតាមចាប់ពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក និងនូវែលហ្សេឡង់។
ដោយត្រូវបានគេឲ្យឈ្មោះថា «ជនអន្ធពាលបណ្ដាញសង្គម Facebook» នៅប្រទេសអូស្ត្រាលី ជនសង្ស័យ Ayik បានស្ថិតនៅក្នុងបញ្ជី ដែលត្រូវតាមចាប់ខ្លួនខ្លាំងជាងគេបំផុត នៅក្នុងរដ្ឋ New South Wales អស់រយៈពេលជាង ១ទសវត្សរ៍ ពាក់ព័ន្ធនឹងការលក់ចែកចាយថ្នាំញៀន ក្នុងបរិមាណដ៏ច្រើន។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានឲ្យដឹងថា រូបគេបានជួយអាជ្ញាធរទាំងមិនដឹងខ្លួន ក្នុងការតាមដាន និងចាប់ខ្លួនឧក្រិដ្ឋជនរាប់រយនាក់ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានប្រើប្រាស់កម្មវិធីទូរស័ព្ទ ដែលគ្រប់គ្រងដោយ FBI ដោយចៃដន្យ។
ចំណែករដ្ឋមន្ត្រីមហាផ្ទៃទួរគីលោក Ali Yerlikaya បាននិយាយថា ក្រុមអន្ធពាល Comanchero ដែលជាគោលដៅ ក្នុងប្រតិបត្តិការនេះ មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការសម្លាប់មនុស្ស ការលួច និងការសម្អាតលុយ នៅទូទាំងពិភពលោក៕