
កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរបស់ខ្លួន កំពុងស្ថិតនៅក្នុងការប្រុងជើងការ នៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការបាញ់កាំភ្លើងតគ្នានៅតែបន្ដ។
ក្រុមហេសបូឡាលីបង់ បាននិយាយថា ខ្លួនបានកម្ទេចយានដ្រូនរបស់អ៊ីស្រាអែល១គ្រឿង នៅភាគខាងត្បូងប្រទេសលីបង់ ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាស ជាការអះអាងផ្ទុយពីការលើកឡើងដោយយោធាអ៊ីស្រាអែលដែលបញ្ជាក់ការបាញ់មីស៊ីលនោះមែន ប៉ុន្ដែបាននិយាយថា អាកាសយានរបស់ខ្លួន ពុំមានការខូចខាតអ្វីទេ។
អ្នកប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានប្រកាសពីចំនួនអ្នកស្លាប់ដោយការប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែលដែលបានផ្ទុះឡើងកាលពីខែមុនរហូតមកទល់ថ្ងៃព្រហស្បតិ៍នេះ ឡើងដល់
៥០នាក់ហើយ។