
អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) បាននិយាយថា ទីក្រុងប៉េកាំងកំពុងសម្របសម្រួលជាមួយភាគីផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋចិន ក្នុងការចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ ដោយអ៊ីស្រាអែលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅពេលសួរថា តើផែនការជម្លៀសណាមួយ កំពុងត្រូវបានរៀបចំ ឬអត់នោះ អ្នកនាំពាក្យ លោក Wang Wenbin បានឆ្លើយថា ក្រសួងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរបស់ជនជាតិចិននៅទីនោះ ហើយបានធ្វើការទាក់ទង ដើម្បីផ្តល់ជំនួយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ប្រភពចំនួន៣ ពីអេហ្ស៊ីប និងមន្ត្រីប៉ាឡេស្ទីន បានឲ្យដឹងថា កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) យ៉ាងហោចណាស់អ្នកកាន់លិខិតឆ្លងដែនបរទេស ៣២០នាក់ និងអ្នករស់នៅតំបន់ហ្គាហ្សា ដែលរងរបួសមួយចំនួន បានចាកចេញពីនិគមជនប៉ាឡេស្ទីន តាមរយៈច្រក Rafah ឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលជាលើកដំបូង ក្នុងការទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយប្រទេសកាតា ។
ប្រភពការទូត ដែលបានប្រាប់ឲ្យដឹងពីផែនការរបស់អេហ្ស៊ីប បាននិយាយថា អ្នកកាន់លិខិតឆ្លងដែនបរទេសប្រហែល ៧.៥០០នាក់ នឹងត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា ក្នុងរយៈពេលប្រហែល ២សប្តាហ៍ ដោយបន្ថែមថា អាកាសយានដ្ឋាន Al Arish នឹងត្រូវធ្វើការហោះហើរ ដើម្បីដឹកមនុស្សចេញ៕