ភ្នំពេញ៖ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងដំណើរកិច្ចសហប្រតិបត្តិផ្នែកយោធារវាងសហរដ្ឋអាម៉េរិក និងកម្ពុជា មួយឆ្នាំទៅមួយឆ្នាំ គឺមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសការបន្តជួយឧបត្ថម្ភគាំទ្រទៅដំណើរកិច្ចសហប្រតិបត្តិការសន្តិសុខលម្ហសមុទ្រ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។
នៅជំនួបពិភាក្សាការងារជាមួយ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី០៧ ខែមិថុនានេះ លោក វរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ដែលត្រូវចប់អាណត្តិបេសកកម្មកិច្ចសហប្រតិបត្តិការផ្នែកយោធានៅកម្ពុជាបានថ្លែងថា នៅអាណត្តិបេសកកម្មកិច្ចសហប្រតិបត្តិការផ្នែកយោធា ក្នុងរយៈពេល២ឆ្នាំកិច្ចចុងក្រោយនេះ គឺមានដំណើរការល្អប្រសើរ ហើយនៅក្នុងអាណត្តិបេសកកម្មលើផ្នែកយោធាជាបន្តរបស់លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យ អនុព័ន្ធយោធាសហរដ្ឋអាមេរិចថ្មី ប្រចាំនៅកម្ពុជា គឺបន្តបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធាអោយបានល្អប្រសើរជាងនេះទៀត ជាពិសេសការងារគ្រប់គ្រងសន្តិសុខលម្ហសមុទ្រកម្ពុជា។
បើតាមការថ្លែងរបស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ថា នៅក្នុងដំណើរកិច្ចសហប្រតិបត្តិការផ្នែកទ័ពជើងទឹក ភាគីយោធាសហរដ្ឋអាមេរិក បានធ្វើជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើផ្នែកថែទាំជួសជុលនាវាផ្ដល់បទពិសោធន៍បច្ចេកទេសផ្សេងៗ តាមរយៈការសិក្សានៅលើនាវាផ្ទាល់ ការបង្ហាត់បង្រៀនភាសាអង់គ្លេស មានរយៈពេលវែងខ្លី ក្រៅពីនេះ ក៏ជួយផ្នែកបញ្ហាដោះមីន ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។
បើតាមការបញ្ជាក់បន្ថែមពីឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងទឹក បានថ្លែងថា ចំពោះការងារផ្នែកកងទ័ពជើងទឹកកម្ពុជា ដែលបានសហការជាមួយកងទ័ពអាមេរិកកន្លងមក គឺយើងបានធ្វើការងារជាមួយច្រើនលើផ្នែកសន្តិសុខលម្ហសមុទ្រ មានការៀបចំប្រព័ន្ធមធ្យោបាយអូប័រ ការកសាងអាគារបម្រើការងារ កងកសាងជួសជុលកំពង់ផែ ជូនកងទ័ពកម្ពុជា នៅតាមបណ្តាកោះឆ្នេរ ដើម្បីបម្រើអោយសកម្មភាពមនុស្សធម៌នានា ជាពិសេសការជួយដោះស្រាយរួមគ្នា និងធ្វើការងារជាមួយគ្នានៅពេលហេតុការណ៍គ្រោះមហន្តនៅលើផ្ទៃសមុទ្រ៕អត្ថបទ៖ ស៊ុម សុខជា