ជនជាតិជ្វីហ្វមួយចំនួន ដែលទៅកាន់ទីបញ្ចុះសពរបស់ជនជាតិជ្វីហ្វដ៏ធំទូលាយមួយនៃទីក្រុង Derbent ក្នុងតំបន់ដាហ្គេស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើន របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា កុបកម្មប្រឆាំងជនជាតិជ្វីហ្វ កាលពីរយៈពេលបួនថ្ងៃមុន បានធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់ទាល់តែសោះ។

កុប្បកម្ម ដែលបានកើតឡើងនៅអាកាសយានដ្ឋាននៃរដ្ឋធានីក្នុងតំបន់ Makhachkala ចម្ងាយ ១០៧គីឡូម៉ែត្រ ពីទីក្រុង Derbent បានមើលឃើញអ្នកស្រុកដាហ្គេស្ថាន រាប់រយនាក់ ដែលភាគច្រើនជាបុរសវ័យក្មេង បានសម្រុកចូលតាមអគារស្ថានីយ និងនៅតាមផ្លូវដើរនានានៃអាកាសយានដ្ឋាន ដើម្បីរារាំងជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វ ដែលទើបតែមកដល់ក្នុងប្រទេសរុស្ស៊ី នៅលើជើងហោះហើរពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល។
នគរបាលបានធ្វើការចាប់ខ្លួនមនុស្សជាង ៨០នាក់ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែន ថាបានបង្កបញ្ហានេះកើតឡើងនោះ បានកោះប្រជុំបន្ទាន់ជាមួយបណ្ដាប្រមុខសន្តិសុខដើម្បីពិភាក្សាពីអ្វីដែលអាចធ្វើបាន ដើម្បីការពារមិនឲ្យហេតុការណ៍បែបនោះកើតឡើងម្តងទៀត។
សហគមន៍ជ្វីហ្វ ដែលស្ថិតនៅភាគកណ្តាលនៃទីក្រុង Derbent មួយនេះ ធ្លាប់មានប្រជាជនចំនួន ១៣.០០០នាក់ក្នុងឆ្នាំ១៩៨៩ រយៈពេលពីរឆ្នាំមុនការដួលរលំនៃសហភាពសូវៀត ប៉ុន្តែចាប់តាំងពីការដួលរលំនោះមក ចំនួនមនុស្សបានធ្លាក់ចុះមកត្រឹមរាប់រយនាក់ប៉ុណ្ណោះ។ មនុស្សជាច្រើនបានឆ្លៀតយកប្រយោជន៍ពីព្រំដែនដែលទើបបើកថ្មីដើម្បីធ្វើអន្តោប្រវេសន៍ទៅកាន់អ៊ីស្រាអែល រួមទាំងផ្លាស់ទៅទីក្រុងមូស្គូ ឬទីក្រុងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ផងដែរ៕

