សម្ព័ន្ធមិត្តជាន់ខ្ពស់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា រដ្ឋសមាជិកអង្គការណាតូ មួយនេះ ពេលនេះត្រូវបានចាត់ទុកថាជា «សត្រូវដ៏គ្រោះថ្នាក់» របស់រុស្ស៊ី ហើយអាចឈានទៅដល់ការបាត់បង់ភាពជារដ្ឋរបស់ខ្លួន ប្រសិនបើប្រទេសនេះបន្តបព្វហេតុរបស់ខ្លួនសព្វថ្ងៃនេះទៀត។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានធ្វើការអត្ថាធិប្បាយបែបនោះនៅក្នុងអត្ថបទមួយ ស្តីពីទំនាក់ទំនងរវាងរុស្ស៊ី និងប៉ូឡូញ ដោយនិយាយថា ទីក្រុងម៉ូស្គូឥឡូវនេះមាន «សត្រូវដ៏គ្រោះថ្នាក់» នៅក្នុងប្រទេសប៉ូឡូញ។
លោក Medvedev បាននិយាយថា «ប្រវត្តិសាស្ត្របានប្រគល់សាលក្រម ដែលគ្មានមេត្តាជាច្រើនដល់ប្រជាជនប៉ូឡូញ ហើយមិនថាអ្នកទាំងនោះមានមហិច្ឆតាធំប៉ុនណាក៏ដោយ ក៏ការដួលរលំរបស់ពួកគេអាចនាំទៅដល់ការដួលរលំរបស់រដ្ឋប៉ូឡូញទាំងមូល»។

សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងរួចទៅហើយ នៅពេលប្រទេសប៉ូឡូញ ដែលបានគាំទ្រអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទព្យាយាមធ្វើឲ្យប្រទេសនេះមានអស្ថិរភាពជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងចារកម្មជាដើម។ ទីក្រុងមូស្គូ បានថ្កោលទោសនូវអ្វីដែលខ្លួនមើលឃើញថា ជាជំហរអរិភាពរបស់ទីក្រុងវ៉ាសូវី ចំពោះខ្លួន និងផលប្រយោជន៍រុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ ផងដែរ៕