ក្រុមបាតុករពលរដ្ឋហ្គាណារាប់រយនាក់បានដើរតាមដងផ្លូវនៃរដ្ឋធានី អាក្រា (Accra) កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែវិច្ឆិកា ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាសនៅតែបន្ត និងរីកកាន់តែធំ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅផ្លូវដ៏សំខាន់មួយដែលត្រូវបានដាក់ឈ្មោះ ថា ក្វេមគ្រូម៉ា (Kwame Nkrumah) ដែលជាឈ្មោះ ប្រធានាធិបតីទីមួយរបស់ប្រទេសនេះ និងជាមេដឹកនាំឯករាជ្យ ដោយបិទផ្លូវចរាចរណ៍ដ៏សំខាន់នេះ ។

ក្រុមបាតុករ រួមទាំងកូនស្រីរបស់លោកគ្រូម៉ា (Nkrumah) ឈ្មោះ សាមីយ៉ា គ្រូម៉ា (Samia Nkrumah) បានកាន់បដាដែលមានរូបភាពជនជាតិប៉ាឡេស្ទីន រងរបួស និងឃ្លា ដូចជា និយាយថាទេចំពោះឧក្រិដ្ឋកម្មសង្រ្គាម ។
ការតវ៉ាជាអន្តរជាតិបាននិងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុងឡុងដ្រ និងញូវយ៉ក ជាដើម បានអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ អនុញ្ញាតឲ្យមានជំនួយចូលទៅក្នុងតំបន់ ហ្កាហ្សា៕