
ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់នីតិវិធីជាបន្តបន្ទាប់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាលើកលែងការចោទប្រកាន់ឈ្មោះ មាន ពេជ្ររីតា ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តិអំពើហិង្សា។
ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន BTV នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា សំណុំរឿងរបស់ លោកឧកញ៉ា ហេង សៀ ដែលបានប្តឹង កញ្ញា មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ត្រូវបានតុលាការចេញដីកាលើកលែងការចោទប្រកាន់ហើយ បន្ទាប់ពីចៅក្រមស៊ើបសួរពិនិត្យឃើញថា អំពើដែល កញ្ញា មាន ពេជ្ររីតា បានប្រព្រឹត្តិគឺជា អំពើទប់ទល់ និង ការពារខ្លួនឬ រំដោះខ្លួនក្នុងសភាពចាំបាច់ និងមានតុល្យភាព ដើម្បីប្រឆាំងទៅនឹងអំពើឈ្លានពានដែលមិនត្រឹមត្រូវ។ ដោយក្នុងនោះ ចៅក្រមបានចាត់ទុកសកម្មភាពរបស់ជនត្រូវចោទ កញ្ញា មាន ពេជ្ររីតា គឺជាការការពារស្របច្បាប់ហើយជនត្រូវចោទ មិនត្រូវបានទទួលខុសត្រូវព្រហ្មទណ្ឌឡើយស្របតាមបបញ្ញត្តិមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម គី តិច បានបន្ថែមការសម្រេចនេះ ក៏ជាការបំភ្លឺនូវការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋដែលតែងតែដាក់ការចោទប្រកាន់មកលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែរថាអ្នកមានលុយ មានអំណាចនឹងមិនចេះជាប់ទោសជាពិសេសសំណុំរឿង កញ្ញា មាន ពេជ្ររីតា ថាមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការនោះគឺជារឿងមិនពិតនោះទេ។
សូមរំលឹកថា ឧកញ៉ា ហេង សៀ បានដាក់ពាក្យប្តឹង កញ្ញា មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តិនៅ ចំណុចផ្លូវ ១៣៨ កែងផ្លូវ២៥៩ ក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយចោទថា មាន ពេជ្ររីតា បានយកកូនកាំបិតចុងស្រួចចាក់ទៅលោកឧកញ៉ា បណ្តាលអោយរងរបួសធ្ងន់ធ្ងរ២កន្លែង ហើយក៏បានដកយកទូរស័ព្ទ១គ្រឿង ម៉ាក Ipone 12 Pro Max និងបានគេចខ្លួន។
ដោយឡែកករណីដែរ កញ្ញា មាន ពេជ្ររីតា បានប្តឹងទៅ លោកឧកញ៉ាហេង សៀ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈវិញនោះមកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះចំណាត់ការរបស់តុលាការ ប៉ុន្តែ នៅមិនទាន់ទទួលបានការកោះហៅអោយឧកញ៉ា ហេង សៀ ចូលបភ្លឺនៅឡើយ ដោយយោងតាមការស្នើសុំពីឧកញ៉ា ហេង សៀផ្ទាល់ ព្រោះមូលហេតុស្ថានភាពសុខភាព។ ជាចុងក្រោយឯកឧត្តម ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅតែបញ្ជាក់យ៉ាងច្បាស់ថា រឿងក្តីរបស់កញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ មិនមានការសម្របសម្រួលបញ្ចប់រឿងជាមួយនឹងលុយកាកនោះទេ ផ្ទុយទៅវិញរឿងក្តីកំពុងតែបន្តទៅនីតិវិធីច្បាប់៕ អត្ថបទ ៖ សូដាវណ្ណ

