ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមប្រធានបទ "ឥរិយាបថរបស់យុវវ័យ នៅក្នុងយុគសម័យ ឌីជីថល"។
ក្នុងវេទិកាផ្សព្វផ្សាយនោះដែរលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ណែនាំដល់ប្អូនៗយុវវ័យទាំងអស់ដែលជាសិស្សានុសិស្ស កំពុងសិស្សាក្រេបយកចំណេះដឹងធ្វើយ៉ាងណាត្រូវបន្តខិតខំពង្រឹងថែរក្សាវប្បធម៌ប្រពៃណៃខ្មែរ យើងឲ្យបានល្អប្រសើរផូរផង់ និងមានសីលធម៌ល្អប្រពៃមិនត្រូវប្រាកចាកធ្វើខុសនូវសីលធម៌តម្លៃស្រ្តីរបស់ខ្មែរនោះឡើយ ស្របតាមសម័យយុគសម័យ ឌីជីថលនោះ។
លោកស្រីប្រធាន បានបន្តថា ស្របពេលបច្ចុប្បន្ននេះក្នុងយុគសម័យឌីជីថល នេះដែរប្អូនៗដែលជាសិស្សានុសិស្សមានទូរស័ព្ទត្រូវប្រើប្រាស់វាឲ្យមានប្រយោជន៍ និងមានតម្លៃចំគោលដៅក្នុងការសិក្សា មិនត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ដោយគ្មានប្រយោជន៍នោះទេ គឺអាចនាំឲ្យប្អូនៗសិស្សានុសិស្ស មានការខុសឆ្គងដោយប្រការណាមួយផងដែរ។
ក្នុងនោះដែរលោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាងឲ្យអភិបាលខេត្តឧត្តរមានជ័យបានធ្វើការផ្តាំផ្ញើរដល់ប្អូនៗយុវវ័យសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងពេលនេះធ្វើយ៉ាងណាត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយជាសិស្សល្អកូនល្អអាចជួយដល់ក្រុមគ្រួសាររបស់ប្អូនៗក៏ដូចជាជួយដល់សង្គមផងដែរ។
លោកជំទាវ បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗដូចជា៖ គ្រឿងញៀនជាដើម ពិសេសនោះសីលធម៌ប្រពៃណីសង្គមការប្រើប្រាស់ឥរិយាបថចំពោះចាស់ព្រឹទ្ធាចារ្យ ត្រូវមានសំដីទន់ភ្លន់ចំពោះការប្រាស្រ័យទាក់ទងអ្វីមួយឲ្យបានល្អប្រសើរសមជាកូនខ្មែរ និងជាទំពាំងស្នងឫស្សីសម្រាប់សង្គមផងដែរ៕






