ភ្នំពេញ៖ កីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោយបានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាថា ពលរដ្ឋកម្ពុជាគ្រប់គ្នាមានភាពរួសរាយរាក់ទាក់ និងមានចិត្តល្អ និងណែនាំលោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។
កីឡាករប្រដាល់ មីយ៉ាន់ម៉ារូបនេះ បានសរសេរថា នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបានឯកសិទ្ធិក្រៃលែងដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាមកកាន់វិមានសន្តិភាព។ សម្តេចមានការអប់រំដ៏ខ្ពង់ខ្ពស់ ហើយបាននិយាយជាមួយខ្ញុំជាភាសាកំណើតរបស់ខ្ញុំគឺ ភាសាបារាំង និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
កីឡាកររូបនេះបញ្ជាក់ថា៖«សម្តេចជាសុភាពបុរសមួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែមានវត្តមាននៅក្នុងការថតរូបជាមួយគ្នា»។
កីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ បញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្នាមានភាពរួសរាយរាក់ទាក់ និងមានចិត្តល្អ។ ខ្ញុំគិតថា លោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។ ខ្ញុំស្រឡាញ់ប្រទេសនេះរួចទៅហើយ ហើយខ្ញុំឃើញសក្ដានុពលជាច្រើនក្នុងការប្រើក្បាច់គុនដើម្បីពង្រីកវិស័យទេសចរណ៍។ ដូចដែលសម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរបស់យើងថា សម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះក្បាច់គុនបុរាណ ហើយកងទ័ពត្រូវបានស្នើឱ្យរៀនគុនខ្មែរ ដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ»។
លោកបន្តថា៖«ខ្ញុំគិតថា វាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ។ ខ្ញុំបានបង្ហាញថា ការប្រកួតនេះគឺគ្រាន់តែជាការចាប់ផ្តើមនៃការចូលរួមរបស់ខ្ញុំនៅកម្ពុជាតែប៉ុណ្ណោះ។ ការប្រកួតនេះមានតែអ្នកឈ្នះមួយរូបគត់ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកមកលើកម្ពុជា និងគុនខ្មែរ។ ខ្ញុំគិតថាការរីកចម្រើនដ៏ធំនឹងកើតមានឡើង ហើយខ្ញុំចង់ជួយប្រជាជនក្នុងដំណើរផ្សងព្រេងនេះ។ ប៉ុន្តែមុនពេលយើងចាប់ផ្តើម ខ្ញុំមានការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះ។ កុំភ្លេចទស្សនានៅថ្ងៃអាទិត្យ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ»៕









