អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយប្រឈមមុខនឹងវិបត្តិថវិកាកើនឡើង អង្គការសហប្រជាជាតិ នឹងកាត់បន្ថយចំនួនគ្រួសារជនភៀសខ្លួនដែលទទួលបានជំនួយជាសាច់ប្រាក់ នៅក្នុងប្រទេសលីបង់ជិតមួយភាគបី នៅឆ្នាំក្រោយ។

អ្នកនាំពាក្យ UNHCR អ្នកស្រី Lisa Abou Khaled បាននិយាយថា ដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិដ៏ច្រើននេះ អង្គការ UNHCR និងកម្មវិធីស្បៀងអាហារពិភពលោក នឹងផ្តល់ជំនួយជាសាច់ប្រាក់ប្រចាំខែដល់ជនភៀសខ្លួន ៨៨.000គ្រួសារ នៅឆ្នាំ២០២៤ តិចជាងឆ្នាំ២០២៣។

អ្នកស្រីបានបន្តថា ជនភៀសខ្លួនប្រហែល ១៩០.000គ្រួសារ នឹងបន្តទទួលបានជំនួយ ដែលត្រូវបានកំណត់ក្នុងកម្រិតអតិបរមាមួយខែចំនួន ១២៥ ដុល្លារ ក្នុងមួយគ្រួសារ។
អ្នកស្រី Abou Khaled បាននិយាយថា កាលពីមុន គ្រួសារមួយចំនួន បានទទួលជំនួយបន្ថែមក្នុងរដូវរងាសម្រាប់ការចំណាយលើប្រេងឥន្ធនៈ ប៉ុន្តែនៅឆ្នាំនេះ កម្មវិធីនោះក៏នឹងត្រូវបញ្ឈប់ផងដែរ។ ជំនួយនោះ «មានសារៈសំខាន់សម្រាប់គ្រួសារដែលងាយរងគ្រោះ ដើម្បីចៀសផុតរដូវរងា»។