សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានសាទរចំពោះការសម្លាប់ជនស៊ីវិលជាប្រព័ន្ធក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្តេជ្ញានៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើត្រូវបានផ្តល់ឱកាសម្ដងទៀត ក្រុមភេរវករប៉ាឡេស្ទីនមួយនេះ នឹងធ្វើការវាយប្រហារស្រដៀងគ្នានេះម្តងទៀតជាច្រើនដងនៅពេលអនាគត រហូតដល់អ៊ីស្រាអែល ត្រូវបានកម្ទេចចោល។

ការលើកឡើងរបស់លោក Ghazi Hamad ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នេះត្រូវបានចែករំលែកយ៉ាងរហ័សតាមអ៊ីនធឺណិតដោយក្រុមមន្ត្រីអ៊ីស្រាអែល និងលោកខាងលិច ជាការបញ្ជាក់អំពីការតាំងចិត្តរបស់រដ្ឋជ្វីហ្វមួយនេះ ក្នុងការបំផ្លាញសមត្ថភាពយោធារបស់ក្រុមភេរវករ នៅក្នុងសង្គ្រាមដែលកំពុងបន្តរបស់ខ្លួននៅហ្កាហ្សា និងជាភស្តុតាងបញ្ជាក់ថា មិនមានបទឈប់បាញ់ណាមួយអាចឈានដល់នោះទេ រហូតដល់ការគំរាមកំហែងនៃការវាយប្រហារសម្លាប់បន្ថែម ត្រូវបានដកចេញ។

នៅក្នុងបទសម្ភាសន៍នោះ លោក Hamad បាននិយាយថា វត្តមានរបស់អ៊ីស្រាអែល គឺ «មិនសមហេតុផលនោះទេ» ហើយថារដ្ឋជ្វីហ្វមួយនេះត្រូវតែកម្ទេចចោលចេញពី «ទឹកដីប៉ាឡេស្ទីន» ទាំងអស់ ជាពាក្យដែលក្រុមនេះប្រើសំដៅលើតំបន់វេស ប៊ែង តំបន់ហ្កាហ្សា និងអ៊ីស្រាអែលទាំងមូល ដោយមិនរាប់ចូលតំបន់ភ្នំ Golan Heights នោះទេ។
កាលពីថ្ងៃទី៧ ខែតុលា ខ្មាន់កាំភ្លើងប្រហែល ៣.០០០នាក់ ដែលដឹកនាំដោយក្រុមហាម៉ាស បានសម្រុកឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ស្ទ្រីប តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ដោយបានសម្លាប់មនុស្សប្រហែល ១.៤០០នាក់។
អ៊ីស្រាអែល បានឆ្លើយតបទៅវិញជាមួយនឹងការវាយលុកយោធាទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ហើយបានប្តេជ្ញាកម្ចាត់ក្រុមភេរវករនេះទាំងមូល ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ចាប់តាំងពីបានចូលកាន់អំណាចក្នុងរដ្ឋប្រហារដ៏បង្ហូរឈាមកាលពីឆ្នាំ២០០៧ មក៕