សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) បានដាក់ចេញនូវវិធានការថ្មីប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយផ្តោតលើសមត្ថភាពថាមពលនាពេលអនាគតរបស់រុស្ស៊ី ការគេចវេះពីទណ្ឌកម្ម និងយានដ្រូនអត្តឃាត ដែលជាការគំរាមកំហែងដល់កងទ័ព និងគ្រឿងយុទ្ធោបករណ៍អ៊ុយក្រែន ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងការដាក់ទណ្ឌកម្មលើមនុស្សរាប់រយនាក់ និង អង្គភាពនានា។

ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការចុងក្រោយបំផុតនេះ កំណត់គោលដៅលើអង្គភាពធំមួយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ប្រតិបត្តិការ និងកម្មសិទ្ធិនៃគម្រោងដ៏ធំនៅស៊ីបេរី ដែលគេស្គាល់ថាជាអាកទិក-២ LNG ។ គម្រោងនេះរំពឹងថា នឹងបញ្ជូនឧស្ម័នធម្មជាតិត្រជាក់ ឬឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារពិភពលោក។

នាយកដ្ឋានពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមក្រុមហ៊ុនរុស្ស៊ីរាប់សិបកន្លែងទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម សម្រាប់ការគាំទ្រយោធារបស់រុស្ស៊ី ជាមួយនឹងយានដ្រូនដែលអាចត្រូវបានប្រើដើម្បីជួយក្នុងការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ផងដែរ។
វិមានក្រឹមឡាំងរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅមុនចំណាត់ការរបស់អាមេរិកនេះថា ខ្លួនរំពឹងថាលោកខាងលិច នឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមានការយល់ដឹងកាន់តែខ្លាំងឡើងថា ការពិន័យបែបនេះបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍លោកខាងលិចប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងសម្របខ្លួនបានល្អជាធម្មតា៕