រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (០២ វិច្ឆិកា) បានព្យាយាមធានាដល់បណ្តាប្រទេសនៅអាស៊ីថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន នឹងមិននាំទៅរកការបែងចែកដ៏មហន្តរាយនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងបង្ខំឱ្យពួកគេត្រូវបែងចែកបក្ខពួកនោះទេ។

នៅក្នុងសុន្ទរកថាមួយនៅមុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយសហរដ្ឋអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅចុងខែនេះ លោកស្រី Yellen បាននិយាយថាការផ្ដាច់ទាំងស្រុងនៃសេដ្ឋកិច្ចអាមេរិក និងចិន គឺ «មិនជាក់ស្តែងនោះទេ» ជាពិសេសដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិនក្នុងតំបន់។

ការអត្ថាធិប្បាយរបស់លោកស្រី បានស្វះស្វែងរកការធានាចំពោះការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការបែងចែកភូមិសាស្ត្រនយោបាយនៃសេដ្ឋកិច្ចពិភពលោក ទៅជាគូបដិបក្ខដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសចិន ខណៈដែលការគ្រប់គ្រងបច្ចេកវិទ្យាការនាំចេញ និងសន្តិសុខជាតិ បានកើនឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីនេះ ហើយលោកស្រីក៏បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក មិនព្យាយាមផ្តាច់ខ្លួនពីប្រទេសចិននោះទេ៕