
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថា បានរកឃើញប្រជាពលរដ្ឋ ២៨នាក់ទៀតឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកចំនួន ៧របស់ខេត្តនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ៨នាក់នៅស្រុកកំពង់សៀម ស្រុកបាធាយ ០៦នាក់ ស្រុកព្រៃឈរ ០៥នាក់ ស្រុកកងមាស ០៣នាក់ ស្រុកជើងព្រៃ ០២នាក់ ស្រុកស្រីសន្ធរ ០២នាក់ និងស្រុកចំការលើ ០១នាក់។
ចំណែកឯ ១ករណីទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញលើពលរដ្ឋមកពីខេត្តត្បូងឃ្មុំ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញនៅក្នុងចំណោមសំណាកប្រជាពលរដ្ឋ ៨១៤នាក់ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមណ្ឌលព្យាបាលកម្រិតស្រាលនៅក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុ។
រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៣០នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុប មានចំនួន ៦៦៤នាក់ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៤៣២នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕