ភ្នំពេញ ៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាស រៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្រ្ត និងខ្សែរយៈជំនាញ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់យោធិនរបស់ខ្លួន។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានអញ្ជើញក្នុងពិធីបិទវគ្គអប់រំចិត្តសាស្ត្របំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ប្រចាំឆមាសទី២។
នាឱកាសនោះ នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ដែលបញ្ជាការដ្ឋានកងទ័ព ជើងអាកាសបានរៀបចំឡើង គឺដើម្បីផ្តោតទៅលើការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានកងទ័ពអាកាស។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា ក្រសួងការពារជាតិកន្លងមក នៅតែបន្តអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ចការពារជាតិប្រកបដោយ ប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិចាំបាច់នានា។
ទន្ទឹមគ្នា នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុងន័យនេះកងទ័ពជើងអាកាសតែងតែយកចិត្តទុកដាក់ដំណើរការបើកវគ្គអប់រំចិត្តសាស្ត្របំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈបណ្តោយទៅតាមការណែនាំ និងផែនការរបស់អង្គភាពនីមួយៗជាប់ជាប្រចាំ។
នាយឧត្តមសេនីយ៍ ថ្លែងថា បច្ចុប្បន្នគ្រប់បណ្តាអង្គភាពទ័ពនៃកងយោធពលខេមរភូមិន្ទបាន និងកំពុងយកចិត្តទុកដាក់ជាអាទិភាពទៅលើការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងបំប៉នលើគ្រប់វិស័យបន្ថែម និងជាប្រចាំដល់យោធិនរបស់ខ្លួន ពិសេសដល់យោធិនវ័យក្មេង និងយោធិនបន្តវេន ដែលជាប្រភពធនធានមនុស្សមិនអាចខ្វះបាន ទាំងនៅក្នុងអង្គភាពផ្ទាល់ សាលាយោធាក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើឱ្យយោធិនបង្កើនបាននូវសមត្ថភាពយល់ដឹងលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា ការអនុវត្តនូវកម្មវិធីកំណែទម្រង់កងយោធពលខេមរភូមិន្ទនេះទៀតសោត និងដើម្បីធានានូវកិច្ចការពារប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវអធិបតេយ្យ និងបូរណភាពទឹកដី ដែលភាពចាំបាច់ត្រូវតែផ្អែកទៅលើធនធាន ការវិវឌ្ឍនៃសភាពការណ៍ សន្តិសុខអន្តរជាតិ និងស្ថានការណ៍ជាក់ស្ដែងរបស់កម្ពុជាពាក់ព័ន្ធដល់កិច្ចការពារជាតិ ដែលត្រូវផ្តោតជាសំខាន់នូវ ការបន្តពង្រឹងកម្លាំងប្រដាប់អាវុធឱ្យមានវិជ្ជាជីវៈជំនាញ មានសមត្ថភាពក្នុងការបន្តវេន និងមូលដ្ឋានសម្ភារៈសមស្រប រួមទាំងគោរពប្រតិបត្តិច្បាប់ម៉ឺងម៉ាត់ គោរពសិទ្ធិមនុស្ស មានទឹកចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងខិតខំពង្រឹងសីលធម៌សង្គម សីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើនជំនឿថែមទៀតមកលើកងទ័ព។
នាយឧត្តមសេនីយ៍ ជឿជាក់យ៉ាងមុតមាំថា ក្រោយពីទទួលបានការហ្វឹកហ្វឺន និងវគ្គអប់រំចិត្តសាស្ត្របំប៉នគ្រូបង្គោល និងខ្សែរយៈទាំងអស់ នឹងទទួលបាននូវការយល់ដឹងថ្មីផ្នែកសតិអារម្មណ៏មួយកម្រិតបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតរបស់យោធិនម្នាក់ៗ លើការងារដឹកនាំ ហើយក៏នឹងអាចក្លាយខ្លួនទៅជានាយទាហានថ្នាក់ដឹកនាំ នៅតាមបណ្តាស្ថាប័ន និង អង្គភាពចំណុះរបស់កងទ័ពជើងអាកាសផងដែរ៕ ដោយ ៖ ឧត្ដម







