
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (០២ វិច្ឆិកា) បានចុះហត្ថលេខាលើច្បាប់មួយ ដែលដកការផ្តល់សច្ចាប័នរបស់រុស្ស៊ី លើសន្ធិសញ្ញាពិភពលោក ដែលហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរ ដោយនោះជាជំហានមួយ ដែលត្រូវបានថ្កោលទោសដោយអង្គការដែលលើកកម្ពស់ការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដ៏សំខាន់។
ចំណាត់ការនេះ ត្រូវបានគេរំពឹងទុកថាជាភស្តុតាងនៃភាពត្រជាក់ខ្លាំងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលទំនាក់ទំនងរបស់ពួកគេកំពុងស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មក ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងអ្វីដែលទីក្រុងមូស្គូ បានចោទប្រកាន់នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ប៉ុនប៉ងរារាំងការលេចឡើងនៃសណ្ដាប់ធ្នាប់ពហុប៉ូលថ្មីរបស់ពិភពលោក។
ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការសម្រេចរបស់រុស្ស៊ី ហើយនេះគឺជាជំហានមួយដែលខុសទិសដៅ។ ទីក្រុងមូស្គូនិយាយថា ការលុបចោលសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) របស់ខ្លួននេះ គឺគ្រាន់តែបង្កើតឡើងដើម្បីនាំប្រទេសរុស្ស៊ី ឱ្យស្របតាមសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ។ ក្រុមអ្នកការទូតរុស្ស៊ីនិយាយថា រុស្ស៊ី នឹងមិនបន្តការសាកល្បងនុយក្លេអ៊ែរនោះទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ធ្វើរឿងនេះមុន៕