នាង Noor Harazeen បុគ្គលិកបណ្តាញទូរទស្សន៍សកលចិន (CGTN) បានរាយការណ៍ពីតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលឥតឈប់ឈរ និងជំនួយមិនគ្រប់គ្រាន់ នៅក្នុងតំបន់ហ្កាហ្សា បានធ្វើឱ្យតំបន់ហ៊ុមព័ទ្ធដែលហែកហួរដោយសង្គ្រាមក្រោមការបិទផ្លូវរបស់អ៊ីស្រាអែលមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ យោងតាមការិយាល័យបណ្តាញផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ ពលរដ្ឋប៉ាឡេស្ទីន ១៩៥នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ និងថ្ងៃពុធលើជំរំ Jabalia ជាជំរុំជនភៀសខ្លួនមានមនុស្សច្រើនបំផុតនៅភាគខាងជើងតំបន់ហ្កាហ្សា ។ នាង Harazeen បានបញ្ជាក់ថា ការវាយប្រហារមិនរើសមុខបែបនេះ បានធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចកាន់តែខ្លាំង។ នៅតំបន់ហ្កាហ្សា ភាគខាងជើង និងភាគខាងត្បូង គ្មានកន្លែងដែលមានសុវត្ថិភាពនោះទេ ហើយក៏គ្មាននរណាម្នាក់មានសុវត្ថិដែរ។ ទោះបីជាអ្នកជាជនស៊ីវិល ជាសកម្មប្រយុទ្ធ ទោះបីជាអ្នកជាពលរដ្ឋប៉ាឡេស្ទីន ជាជនបរទេស ទោះបីជាអ្នកជាបុរសឬស្ត្រី គឺគ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ គ្មានកន្លែងណាមានសុវត្ថិភាពឡើយនៅទីនេះ។ ស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ ទោះបីជាប្រទេសអេហ្ស៊ីប អនុញ្ញាតឲ្យរថយន្តដឹកជំនួយមនុស្សធម៌មួយចំនួនចូលទៅកាន់តំបន់ហ្កាហ្សាក៏ដោយ។ កាលពេលថ្មីៗនេះ ប្រទេសអេហ្ស៊ីប បានអនុញ្ញាតឲ្យមានការបើកព្រំដែនរបស់ខ្លួន ហើយប្រទេសនេះ បានបើកព្រំដែនរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យអ្នករងរបួសនៅហ្កាហ្សានិងអ្នកទាំងឡាយណាដែលរងរបួសធ្ងរដើម្បីចាកចេញពីតំបន់ហ្កាហ្សា ទៅព្យាបាលនៅទីក្រុងគែរ។ នៅក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល ការខ្វះប្រេងឥន្ធនៈ អាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បានបន្តកាន់តែធ្ងន់ធ្ងរ បង្កបញ្ហាប្រឈមខ្លាំងដល់ប្រជាជននៅតំបន់ហ្កាហ្សាក្នុងការតស៊ូក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ។ រហូតមកដល់ពេលនេះ ការរីកកាន់តែធំចុងក្រោយបំផុតនៅក្នុងជម្លោះដ៏ជូរចត់ និងមានរយៈពេលរាប់ទសវត្សរ៍មកនេះ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១០.៥៩៨ នៅភាគីទាំងសងខាងចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។